នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងសាកលវិទ្យាល័យវេស្ទើន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យវេស្ទើន ។
សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី បណ្ឌិត កៀង រតនា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន និងលោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ រួមទាំងសិស្ស និស្សិត ចំនួន២០០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ លើប្រធានបទសំខាន់ៗរួមមាន៖ (១) ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ (២)ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ (៣)វិជ្ជាជីវៈគណនេយ្យ និងសវនកម្មកម្ពុជា និង (៤)កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។





















