កិច្ចប្រជុំពិភាក្សាស្តីពី «ការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»

កាលបរិច្ឆេទ៖ 20-11-2026 10:27 AM

នាព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្មអមដោយថ្នាក់ដឹកនាំ ន.គ.ស. ព្រមទាំងមានការចូលរួមពីតំណាងសហគ្រាសដែលជាសមាជិក÷

1-សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា
2- សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា
3-សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង
4-សមាគមស្បែកជើងកម្ពុជា

សរុបប្រមាណ ១២០នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់រវាង ន.គ.ស. និងសមាគមពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីការអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ព្រមទាំងប្រមូលនូវសំណូមពរ និងបញ្ហាប្រឈមនានាពីសមាគម និងសហគ្រាសជាអ្នកអនុវត្តកាតព្វកិច្ច។ ជាមួយគ្នានេះ កិច្ចប្រជុំក៏មានគោលដៅជំរុញ និងពង្រឹងកម្រិតអនុលោមភាពតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តកាតព្វកិច្ច ព្រមទាំងរួមចំណែកក្នុងការកសាងប្រព័ន្ធគណនេយ្យនិងសវនកម្មមួយដែលមានភាពរឹងមាំ តម្លាភាព និងភាពជឿទុកចិត្តបាន សំដៅប្រែក្លាយការអនុវត្តកាតព្វកិច្ចគណនេយ្យទៅជា «វប្បធម៌គណនេយ្យ»។