កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស. អមដោយមន្ត្រីជំនាញនៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ (31st ACPACC Meeting) និងកិច្ចប្រជុំក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG) នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ានចំនួន៧ទៀត ដែលបានចូលរួមផ្ទាល់ និងមានប្រទេសចំនួន ៣ទៀតចូលរួមតាមប្រព័ន្ធអនឡាញ ដោយឡែក ប្រទេសទីម័រឡេស្តេ មិនទាន់បានចូលរួមកិច្ចប្រជុំនេះនៅឡើយទេ។
កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ប្រទេសជាសមាជិកទាំងអស់ ដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ ពិនិត្យមើលវឌ្ឍនភាព និងពិភាក្សាអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ការទទួលស្គាល់វិជ្ជាជីវៈ និងការចល័តគណនេយ្យករជំនាញ ក្នុងវិស័យគណនេយ្យ និងសវនកម្មនៅក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី៣១ បានពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖
១.ការធ្វើបច្ចុប្បន្នភាពសមាសភាពនៃសមាសភាពគណៈកម្មាធិការត្រួតពិនិត្យរបស់ប្រទេសជាសមាជិកអាស៊ាន ដែលក្នុងនោះមាន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។
២.ការធ្វើបច្ចុប្បន្នភាពលើចំនួននៃការចុះឈ្មោះសមាជិកភាពជាគណនេយ្យករជំនាញអាស៊ាន គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការកើនឡើង ២៧២រូប នាំឱ្យចំនួនសរុបកើនដល់ ៩,១៨៩រូប (សកម្ម)។ ក្នុងនោះ ប្រទេសម៉ាឡេស៊ី បានលុបឈ្មោះសមាជិកភាពចំនួន ៦រូប (អសកម្ម) ផងដែរ។
៣.ការចល័តនូវគណនេយ្យករជំនាញអាស៊ាន និងការធ្វើបច្ចុប្បន្នភាពលើចំនួននៃការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការកើនឡើងចំនួន ៤រូប នៅប្រទេសឡាវ មកពីប្រទេសថៃ។
៤.ការធ្វើបច្ចុប្បន្នភាពសេវាកម្ម (Non-Regulated & Regulated Services) ដែលក្នុងនោះ មានប្រទេសចំនួន៣ បានធ្វើបច្ចុប្បន្នភាព គឺ ប្រ៊ុយណេ ឡាវ និងសិង្ហបុរី។
៥.ការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃ ASEAN CPA e-Certificate រួមមាននីតិវិធីសម្រាប់ការចេញ ការផ្ទៀងផ្ទាត់ និងការបញ្ជូន e-Certificate ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៧។
៦.ការរាយការណ៍របស់ក្រុមការងាររាយការណ៍ព័ត៌មានចីរភាព ដែលដឹកនាំដោយប្រទេសសិង្ហបុរី (TFSR) ទាក់ទងនឹងការរៀបចំសេចក្តីថ្លែងការណ៍គាំទ្រ (Manifesto of Support) រវាងប្រទេសជាសមាជិក ដែលគ្រោងនឹងចុះហត្ថលេខានៅឆ្នាំ២០២៧ ខាងមុខ។
៧.ការរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ ACPACC លើកទី៣១ និងក្រុមការងារធុរកិច្ចតាមវិស័យ (ACPECC, AAC, ACPACC, ACACS) ជូនប្រធានក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG)។
ការចូលរួមរបស់ ន.គ.ស. និង វ.គ.ស.ក. នៅក្នុងកិច្ចប្រជុំនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់លើវិស័យគណនេយ្យ និងសវនកម្ម ព្រមទាំងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមក (MRA) លើសេវាកម្មគណនេយ្យ និងការលើកកម្ពស់ការទទួលស្គាល់វិជ្ជាជីវៈ ព្រមទាំងការចល័តអ្នកប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅក្នុងតំបន់អាស៊ាន។








