សិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អំពី“បច្ចុប្បន្នភាព និងនិន្នាការថ្មីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (ML/TF) ក្នុងតំបន់ ឬកម្ពុជា”

កាលបរិច្ឆេទ៖ 21-08-2026 01:33 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក អ៊ីន បុត្រា អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម លោក សឿន បូតេ អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព អមដោយមន្រ្តីជំនាញ នៃ ន.គ.ស. បានចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹងដល់អង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អំពី“បច្ចុប្បន្នភាព និងនិន្នាការថ្មីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម (ML/TF) ក្នុងតំបន់ ឬកម្ពុជា”។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងគោលបំណងបង្កើនការយល់ដឹងជូនដល់មន្ត្រីជំនាញនៃអង្គភាពក្រោមឱវាទ អ.ស.ហ. អំពីទម្រង់នៃបទល្មើសបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Cyber Scam) និងការជួញដូរមនុស្ស ដែលចេញដោយ APG, និន្នាការថ្មីៗនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ML/TF) ក្នុងតំបន់ ព្រមទាំងផែនការសកម្មភាពនាពេលអនាគតទៅលើកិច្ចការ AML/CFT & CPF។