វគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ

កាលបរិច្ឆេទ៖ 31-07-2026 10:57 AM

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម។
លោកប្រធាននាយកដ្ឋាន បានលើកអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥- ២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សសរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ ដែលក្នុងនោះសសរស្តម្ភទី៦ នៃយុទ្ធសាស្រ្ត គឺ “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យ និងសវនកម្ម” ផ្តើមចេញពីនេះ “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”។
មិនត្រឹមតែប៉ុណ្ណោះ លោកប្រធាននាយកដ្ឋាន រំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន៖
១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ
២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល
៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិនិង
៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។