នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម” សម្រាប់សាធារណជន ក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពី លោក ឌួង ពិសី តំណាងក្រុមហ៊ុនDFC ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តី នៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងសិក្ខាកាមចំនួន៥៣រូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសុន្ទរកថាបើកកម្មវិធីវគ្គបណ្តុះបណ្តាលដោយបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងក្រុមហ៊ុន DFC ដែលបានយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើផងដែរ។ លោកប្រធាននាយកដ្ឋាន បានបន្ថែមថាការចូលរួមរបស់សិក្ខាកាមបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ ឱ្យបានកាន់តែស៊ីជម្រៅអំពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជាសម្រាប់សហគ្រាសធុនតូចនិង មធ្យម ជាពិសេសគឺចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ។ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម កាតព្វកិច្ចជាសារវន្តចំនួន៣ ត្រូវបានបង្កើតឡើងសម្រាប់សហគ្រាសជាអាទិ៍៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់។











