នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មាន អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៦-២០២៨ ក្រោមផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សូ សូភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Center) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៦-២០២៨ ដើម្បីធ្វើឱ្យសេចក្ដីព្រាងផែនការសកម្មភាពនេះកាន់តែមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏ដើម្បីធានាឱ្យផែនការសកម្មភាពមានសង្គតិភាពជាមួយផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៦-២០២៨ នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និយ័តករក្រោមឱវាទ អ.ស.ហ. ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល (គ.ស.ធ.ឌ.)។





