នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម តាមប្រព័ន្ធ E-Filling” សម្រាប់ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ តាមប្រព័ន្ធអនឡាញ ដែលរងសវនកម្មឯករាជ្យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបអំពីការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filling និងលំហូរការងារនិងរបៀបប្រើប្រាស់ប្រព័ន្ធ E-Filling ជូនដល់ លោក លោកស្រី និងសាធារណជន ដើម្បីចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្មបានទាន់ពេលវេលា។ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះក្នុងក្នុងស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ហើយការខិតខំប្រឹងប្រែងនេះក្នុងគោលដៅចម្បងគឺ “ការបង្កើតប្រព័ន្ធគណនេយ្យ របស់ជាតិដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន”។









