នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម” សម្រាប់សាធារណជន ក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពី លោក សាយ សុខខេង អគ្គនាយកក្រុមហ៊ុនDFC ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តី នៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងសិក្ខាកាមចំនួន៥៤រូបផងដែរ។ ជាកិច្ចចាប់ផ្តើម លោក សាយ សុខខេង អគ្គនាយកក្រុមហ៊ុនDFC មានមតិស្វាគមន៍ចំពោះវគ្គបណ្តុះបណ្តាលនិងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំ មន្ត្រីនិយ័តករគណនេយ្យនិងសវនកម្ម និងសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ មួយនេះ។ ជាកិច្ចបន្ទាប់ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសុន្ទរកថាបើកកម្មវិធីវគ្គបណ្តុះបណ្តាលដោយបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងក្រុមហ៊ុន DFC ដែលបានយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើផងដែរ។លោកស្រីអគ្គនាយករង បានបន្ថែមថាការចូលរួមរបស់សិក្ខាកាមបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ ឱ្យបានកាន់តែស៊ីជម្រៅអំពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជាសម្រាប់សហគ្រាសធុនតូចនិង មធ្យម ជាពិសេសគឺចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ មុននឹងបញ្ចប់ លោកស្រីអគ្គនាយករង បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ ជាពិសេសជូនពរឱ្យទទួលបានលទ្ធផលល្អប្រសើរនៅពេលប្រឡងបញ្ចប់ ផងដែរ។










