សិក្ខាសាលាស្ដីពី «ការសិក្សាភាសាខ្មែរក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ផ្ដើមចេញពីសូរវិទ្យាទៅដល់ ប្រព័ន្ធសម្គាល់សម្ដី»

កាលបរិច្ឆេទ៖ 9-06-2026 09:20 AM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក យន់ ស៊ីវត្ថា អនុប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា បានចូលរួមសិក្ខាសាលាស្ដីពី «ការសិក្សាភាសាខ្មែរក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ផ្ដើមចេញពីសូរវិទ្យាទៅដល់ ប្រព័ន្ធសម្គាល់សម្ដី» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលា ត្រូវបានបង្កើតឡើងក្នុងគោលបំណង បង្ហាញពីសារៈសំខាន់នៃភាសាខ្មែរ ទាំងផ្នែកវិទ្យាសាស្រ្តភាសា បច្ចេកវិទ្យា និងសង្គមជាតិ និងសិក្សាស្វែងយល់ពីការសិក្សាភាសាខ្មែរក្នុងសម័យ បញ្ញាសិប្បនិម្មិត(AI) ព្រមទាំងបញ្ហាប្រឈមនានាក្នុងការធ្វើឌីជីថលនីយកម្មភាសាខ្មែរឱ្យកាន់តែល្អ និង សុក្រឹត ដើម្បីចូលរួមចំណែកអភិរក្សនិងអភិវឌ្ឍភាសាខ្មែរក្នុងសម័យកាលឌីជីថល។