នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តី នៃនិយ័តករគណនេយ្យនិងសវនកម្មនឹងសមាជិក សមាជិការប្រហែល៣០០រូបផងដែរ។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំដើម្បីផ្សព្វផ្សាយជូនដល់ សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ សមជិកសមាជិកា នៃសមាគមអាជីវកម្ម គ្រឹះស្ថានអប់រំ ព្រមទាំងសាធារណជន ក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅម្ពុជា២០២៥-២០៣៥ គឺប្រព័ន្ធ គណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។
ឯកឧត្តមអគ្គនាយក បានលើកឡើងអំពីគម្រោង ការលើកកម្ពស់អនុលោមភាពគណនេយ្យ គឺជាគម្រោងមួយសំដៅកសាងសមត្ថភាពអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុនិងគណនេយ្យកររបស់ក្រុមហ៊ុនគណនេយ្យ សហគ្រាសអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖
១.ច្បាប់លិខិតបទដ្ឋាននិងផែនការអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម
២. គោលការណ៍ និងនីតិវិធីគណនេយ្យដែលផ្អែកតាមក្របខណ្ឌ និងស្តង់ដាការរាយការណ៍ហិរញ្ញវត្ថុដែលពាក់ព័ន្ធ
៣.មាតិកាគណនីនៃប្លង់គណនេយ្យរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ
៤.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលនិង
៥.នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកន.គ.ស.។
ឯកឧត្តមអគ្គនាយក បានបន្ថែមថា ការលើកកម្ពស់កម្រិតអនុលោមភាព គឺពិតជាមានសារៈសំខាន់ ក្នុងការបង្កើត និងរក្សានូវបរិយាកាសវិនិយោគនៅកម្ពុជាពិសេសគឺការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ កត្តាសំខាន់មួយដើម្បីពង្រឹង អនុលោមភាព បានលុះត្រា តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមអនុវត្ត ទៅតាមគោលការណ៍ និងវិធានដែលបានដាក់ចេញ និងឯកភាពគ្នាដើម្បីឱ្យយើងអាចប្រកួតប្រជែង បាននិងអាចរៀបចំផែនការបានកាន់តែប្រសើរ ជាពិសេសបង្កើតភាព ទុកចិត្តរវាងរដ្ឋនិងរដ្ឋ វិស័យឯកជននិងវិស័យឯកជន។ ការរួមគ្នារវាងវិស័យ ឯកជន និងរាជរដ្ឋាភិបាល រួមគ្នា ដើម្បីបង្កើត បរិស្ថានវិនិយោគ នៅកម្ពុជាប្រកបដោយភាពទាក់ទាញនិងភាពកក់ក្តៅឱ្យវិនិយោគទាំងអស់នៅក្នុង និងក្រៅប្រទេសរីកចម្រើន។ ការខិតខំប្រឹងប្រែងនេះក្នុងគោលដៅចម្បងគឺ “ការបង្កើតប្រព័ន្ធគណនេយ្យ របស់ជាតិដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន”






