សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប

កាលបរិច្ឆេទ៖ 21-05-2026 11:01 AM

នាល្ងាចថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក នួន រចនា នាយករង តំណាង លោក  ឈួន ភារុន នាយក សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប និងលោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ រួមទាំងសិស្ស និស្សិត ចំនួន២០០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ លើប្រធានបទសំខាន់ៗរួមមាន៖ (១) ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ (២)ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ (៣)វិជ្ជាជីវៈគណនេយ្យ និងសវនកម្មកម្ពុជា និង (៤)កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ បច្ចុប្បន្ន និយ័តករគណនេយ្យនិងសវនកម្មបានដាក់អនុវត្តគម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ដែលគម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។ គម្រោងការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅដល់ការកសាងសមត្ថភាព ការអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យករ របស់ក្រុមហ៊ុនគណនេយ្យសវនកម្ម សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងសិស្ស និស្សិតដែលបញ្ចប់ការសិក្សា ក៏ទទួលបានការលើទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលក្នុងគម្រោងខាងលើនេះផងដែរ។