ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី «វឌ្ឍនភាព និងទិសដៅបរិវត្តកម្មឌីជីថលនៅកម្ពុជា» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

កាលបរិច្ឆេទ៖ 21-05-2026 09:45 AM

នារសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី «វឌ្ឍនភាព និងទិសដៅបរិវត្តកម្មឌីជីថលនៅកម្ពុជា» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ អង្គសិក្ខាសាលា មានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារ សមាគម ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជនផ្សេងទៀត ដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ សរុបប្រមាណ ១២០រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដើម្បីប្រមូលធាតុចូលជាគុណប្រយោជន៍ដល់ការរៀបចំ «សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២៦-២០៣០» ឱ្យកាន់តែមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងឱកាសនេះ វាគ្មិន និងសិក្ខាកាមបានធ្វើការចែករំលែកបទពិសោធ ពិភាក្សា និងផ្លាស់ប្តូរយោបល់ជុំវិញការអនុវត្តបរិវត្តកម្មឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រងទិន្នន័យ និងការពង្រឹងបរិយាកាសអភិបាលកិច្ចឌីជីថល សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងមានចីរភាព។ ការចូលរួមរបស់ ន.គ.ស. ក្នុងសិក្ខាសាលានេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រ និងជំរុញការអនុវត្តបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ អង្គសិក្ខាសាលាបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយលទ្ធផលផ្លែផ្កា និងក្នុងបរិយាកាសរីករាយ សាមគ្គី និងកិច្ចសហការល្អ។