នាព្រឹកថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង "វេទិកាស្តីពីអាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ២០២៦" ដែលរៀបចំឡើងដោយវិទ្យាស្ថានខេមអេដ (CamEd Business School)។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថានខេមអេដ ព្រមទាំងថ្នាក់ដឹកនាំវិទ្យាស្ថាន ដែលបានខិតខំរៀបចំកម្មវិធីនេះឡើង ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពក្នុងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះៗ និងធ្វើបច្ចុប្បន្នភាពអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម ជូន សាស្ត្រាចារ្យ តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសិស្សនិស្សិត សរុបប្រមាណ ២០០នាក់។
