នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), មន្រ្តីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួម សិក្ខាសាលាស្ដីពី "ការបង្ហាញលទ្ធផលនៃការស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ (Presenting Research Result on Khmer Encoding Structure" នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីរចនាសម្ព័ន្ធនៃដំណើរការអ៊ិនកូដអក្សរខ្មែរ ដែលបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ដូចជា អង្គការ SIL និងបណ្ឌិត្យសភាឌីជីថលកម្ពុជា ជាដើម។ ការសិក្សាស្រាវជ្រាវនេះជាការរួមចំណែកធ្វើឱ្យការប្រើប្រាស់ភាសាខ្មែរនិងអក្សរខ្មែរមានសង្គតិភាពនិងសុក្រឹតភាពនៅលើប្រព័ន្ធកុំព្យូទ័រ ក្នុងយុគសម័យឌីជីថល ជាពិសេស គឺការឈានទៅរកការបង្កើតកម្រងទិន្នន័យភាសាខ្មែរ ដែលអាចជួយសម្រួលដល់ការអភិវឌ្ឍភាសាខ្មែរបានកាន់តែប្រសើរឡើងមួយកម្រិតទៀត។





