នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី នៅវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការបំពេញលក្ខខណ្ឌតម្រូវ ដើម្បីបន្តនីតិវិធីធ្វើបច្ចុប្បន្នភាពសៀវភៅ និងការរៀបចំសរសេរសៀវភៅសិក្សាកម្រិតខ្ពស់នៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចជា៖១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីរវាងភាគីទាំង ៣ (ត្រីភាគី) រវាង ន.គ.ស, វ.គ.ស.ក និង EWI ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពសៀវភៅសិក្សាឱ្យស្របតាមស្តង់ដាអន្តរជាតិ និងបរិបទនៅកម្ពុជា។ ២. ពិភាក្សាលើការកំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់ការលើកលែងមុខវិជ្ជាសិក្សា របស់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (Accounting Technician Qualification - ATQ) សំដៅបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិត និងអ្នកជំនាញដែលមានមូលដ្ឋានគ្រឹះចំណេះដឹងរួចជាស្រេច អាចបន្តការសិក្សាកម្មវិធីគណនេយ្យករជំនាញកម្ពុជា (Cambodia CPA) បានយ៉ាងឆាប់រហ័ស។
លទ្ធផលអង្គប្រជុំបានឯកភាពលើគោលការណ៍សំខាន់ៗ ក្នុងការកែលម្អគុណភាពឯកសារ លក្ខខណ្ឌតម្រូវផ្សេងៗ ដើម្បីធានាថា កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជាមានការវិវឌ្ឍស្របតាមនិនាការណ៍ក្នុងតំបន់ និងសកល និងជម្រុញដល់សិស្ស-និស្សិត និងសាធារណៈជន បន្តបង្កើនសមត្ថភាពលើវិជ្ជាជីវៈគណនេយ្យនិងសវនកម្មបានកាន់តែប្រសើរ។




