នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅអគារ ៣៤៥ Office Space ទួលគោក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), ឯកឧត្ដម ស៊ឹម ចាន់គីរីរ័ត្ន ទីប្រឹក្សាបច្ចេកទេស នៃ ន.គ.ស. និង លោកស្រី Elena Botvina មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) បានសហដឹកនាំ កិច្ចប្រជុំចាប់ផ្តើម គម្រោងគណនីអភិវឌ្ឍន៍របស់សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដំណាក់កាលទី១៦ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងគណនីអភិវឌ្ឍន៍របស់សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ស្តីពី ការពង្រឹងការរាយការណ៍ព័ត៌មានអំពីចីរភាព ដើម្បីលើកកម្ពស់ហិរញ្ញវត្ថុនិងការវិនិយោគប្រកបដោយចីរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍដែលបានជ្រើសរើសនៅក្នុងទ្វីបអាស៊ី និងអាម៉េរិកឡាទីន ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន, និយ័តករ, សមាគម, គ្រឹះស្ថានឧត្តមសិក្សា, អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ព្រមទាំងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃនិយ័តករគណនេយ្យនិងសវនកម្ម សរុបប្រមាណ ៥០ រូប។
គម្រោងនេះមានគោលបំណងជួយគាំទ្រដល់កម្ពុជាលើការងារកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធទាំងក្នុងវិស័យឯកជននិងសាធារណៈ សម្រាប់ការរាយការណ៍ព័ត៌មានចីរភាព តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការរាយការណ៍ព័ត៌មានចីរភាព ដើម្បីអនុញ្ញាតឱ្យកម្ពុជាអាចអនុវត្តបាននូវលក្ខខណ្ឌចាំបាច់ជាអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍នៃការរាយការណ៍ព័ត៌មានចីរភាព តាមរយៈភាពជាដៃគូក្នុងតំបន់ ព្រមទាំងបង្កើនសមត្ថភាពរបស់វិនិយោគិនលើការធ្វើសមាហរណកម្មព័ត៌មានចីរភាព ដែលជួយដល់វិនិយោគិនក្នុងការតម្រឹមការវិនិយោគ របស់ខ្លួនជាមួយនឹងលទ្ធផលប្រកបដោយចីរភាព សំដៅចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs), ទាក់ទាញវិនិយោគិនលំដាប់អន្តរជាតិ និងការលើកកម្ពស់ហិរញ្ញវត្ថុបៃតងនៅកម្ពុជា។






















