សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ

កាលបរិច្ឆេទ៖ 19-03-2026 11:47 AM

នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ។ 
សិក្ខាសាលាខាងលើរៀបចំឡើងក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ឈិន រតនា នាយក សាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន២០០នាក់។ 
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់គណនេយ្យនិងសវនកម្ម ស្តង់ដាបច្ចេកទេសនៅកម្ពុជា ជូនដល់សាស្រ្តាចារ្យ និងនិស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធ។សិក្ខាសាលាខាងលើផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ គឺ ៖ 
  ១. ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, 
  ២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ, 
  ៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា និង
  ៤.កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ 
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធាននាយកដ្ឋាន បានផ្តល់ជូននូវឯកសារដ៏មានសារៈសំខាន់រួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម២០២៥-២០៣៥, សន្ទានុក្រមគណនេយ្យនិងសវនកម្ម, មាតិកាគណនីនៃប្លង់គណនេយ្យសម្រាប់សហគ្រាស និងព្រឹត្តិបត្រប្រចាំឆ្នាំ២០២៤ ដែលជាឯកសារសំខាន់ៗដើម្បីរក្សាទុកនៅក្នុងបណ្ណាល័យរបស់សាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តព្រះសីហនុ សម្រាប់សិស្ស និស្សិត អាចសិក្សានិងស្វែងយល់បន្ថែមផងដែរ។