សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ

កាលបរិច្ឆេទ៖ 18-03-2026 03:58 PM

នាថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ។ 
សិក្ខាសាលាខាងលើរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី សេង សុភា នាយិកា សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន២០០នាក់។ 
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់គណនេយ្យនិងសវនកម្ម ស្តង់ដាបច្ចេកទេសនៅកម្ពុជា ជូនដល់សាស្រ្តាចារ្យ និងនិស្សិតដែលកំពុងសិក្សាជំនាញពាក់ព័ន្ធ។សិក្ខាសាលាខាងលើផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ គឺ ៖ ១. ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, ២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ, ៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា និង៤.កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ 
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក បានផ្តល់ជូននូវឯកសារដ៏មានសារៈសំខាន់រួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម២០២៥-២០៣៥, សន្ទានុក្រមគណនេយ្យនិងសវនកម្ម, មាតិកាគណនីនៃប្លង់គណនេយ្យសម្រាប់សហគ្រាស និងព្រឹត្តិបត្រប្រចាំឆ្នាំ២០២៤ ដែលជាឯកសារសំខាន់ៗដើម្បីរក្សាទុកនៅក្នុងបណ្ណាល័យរបស់សាខាសាកលវិទ្យាល័យបៀលប្រាយខេត្តព្រះសីហនុ សម្រាប់សិស្ស និស្សិត អាចសិក្សានិងស្វែងយល់បន្ថែមផងដែរ។