នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រី Gina V. Lopez សាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន២៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជា ពិសេសពង្រីកការយល់ដឹងបន្ថែមជូនដល់ សិស្ស និស្សិត ទៅលើប្រធានបទសំខាន់ៗរួមមាន៖ ១.ច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, ២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា។

























