សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ

កាលបរិច្ឆេទ៖ 12-03-2026 03:13 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ និយ័តករ គណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អមដោយសាស្ត្រាចារ្យបណ្ឌិតអនុប្រធានក្រុមប្រឹក្សាភិបាល ជាព្រឹទ្ធបុរសសាលាក្រោយឧត្តម និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រមទាំងសាកលវិទ្យាធិការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន៣៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជា ពិសេសពង្រីកការយល់ដឹងបន្ថែមជូនដល់ សិស្ស និស្សិត ទៅលើប្រធានបទសំខាន់ៗរួមមាន៖ 
  ១.ច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, 
  ២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង
  ៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា។