សិក្ខាសាលាផ្សព្វផ្សាយស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filing សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ

កាលបរិច្ឆេទ៖ 3-03-2026 02:36 PM

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filing សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញចំនួន៤៣០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល និងនីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធ E-Filing ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្ត កាតព្វកិច្ចគណនេយ្យ និងសវនកម្ម ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដូចមានចែងក្នុង ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានលើកឡើងអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សរសេរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ។ គោលដៅយុទ្ធសាស្រ្ត នៃឯកសារដ៏មានសារៈសំខាន់នេះគឺ “ការបង្កើតប្រព័ន្ធគណនេយ្យរបស់ជាតិដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន” ដើម្បីជំរុញការលើកកម្ពស់កម្រិតអនុលោមភាព គឺជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើ ក្នុងស្មារតី រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ កត្តាសំខាន់ដើម្បី ពង្រឹងអនុលោមភាព បានលុះត្រា តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមអនុវត្ត ទៅតាមគោលការណ៍ និងវិធានដែលបានដាក់ចេញ និងឯកភាពគ្នាដើម្បីឱ្យយើងអាចប្រកួតប្រជែងបាននិងអាចរៀបចំផែនការបានកាន់តែប្រសើរ ជាពិសេសបង្កើតភាពទុកចិត្តរវាងរដ្ឋនិងរដ្ឋ វិស័យ ឯកជន និងវិស័យឯកជន។ ឆ្លៀតក្នុងឱការនោះផងដែរ ឯកឧត្តមអគ្គនាយក បានលើកដោយសង្ខេបអំពី អត្ថប្រយោជន៍ នៃថ្នាលរៀបចំរបាយការណ៍ ហិរញ្ញវត្ថុឌីជីថល ដែលរួមមាន៖ ១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ, ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល, ៣.បង្កើនគុណភាព នៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិ និង៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។