សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ និងក្រុមហ៊ុនបញ្ចាំ និងប្រាតិភោគដោយអនុបទាន ដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

កាលបរិច្ឆេទ៖ 3-03-2026 02:32 PM

នាព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ និងក្រុមហ៊ុនបញ្ចាំ និងប្រាតិភោគដោយអនុបទាន ដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ ជាពិសេស វត្តមានលោក លោកស្រី​សិក្ខាកាមចំនួន២៥០នាក់។ សិក្ខាសាលាខាងលើរៀបចំក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយបន្ថែមអំពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់វិស័យអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងការចូលរួមអភិវឌ្ឍប្រទេសផងដែរ។
 ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានចូលរួមសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ និងក្រុមហ៊ុនបញ្ចាំ និងប្រាតិភោគដោយអនុបទាន ដែលទទួលបានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមអគ្គនាយក បានបង្ហាញអំពីការចូលរួម គាំទ្រ ការផ្សព្វផ្សាយបន្ថែមទៀតជូនដល់សមាជិកសមាជិកាទាំងអស់ផងដែរ។ 
ជាមួយគ្នានេះក្នុងឱកាសដ៍ប្រពៃនោះ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមថ្លែងសុន្ទរកថាបើអង្គសិក្ខាសាលាបានលើកឡើងអំពីការអនុវត្តកាតព្វកិច្ចរបស់សហគ្រាសជាសារវន្តចំនួន៣ រួមមាន៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមលក្ខខណ្ឌកំណត់ ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំមក និយ័តករគណនេយ្យនិងសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ឯកឧត្តមអគ្គនាយក បានបន្ថែមថាក្នុងនាមជាស្ថាប័នបញ្ញត្តិករ ដែលមានគោលដៅចម្បង គឺ “ការបង្កើតប្រព័ន្ធគណនេយ្យមួយដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន”។ បន្ថែមលើសពីនេះ ឯកឧត្តមអគ្គនាយក បានស្នើឱ្យសហគ្រាសនិងអង្គភាពទាំងអស់ប្តូរពី “កាតព្វកិច្ចគណនេយ្យ” ទៅជា “វប្បធម៌គណនេយ្យ” ដែលមានជាអាទិ៍ វប្បធម៌កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ, វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ជាធរមាន, វប្បធម៌ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងវប្បធម៌ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម។