វេទិកា "ហិរញ្ញវត្ថុសាកល និងបណ្តាញបច្ចេកវិទ្យា ២០២៦ (GFTN Forum Japan 2026)" នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

កាលបរិច្ឆេទ៖ 2-03-2026 02:22 PM

នាថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អនុប្រធាននាយកដ្ឋាន និងលោកទីប្រឹក្សាបច្ចេកទេស បានចូលរួមវេទិកា "ហិរញ្ញវត្ថុសាកល និងបណ្តាញបច្ចេកវិទ្យា ២០២៦ (GFTN Forum Japan 2026)" នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 
វេទិកា ហិរញ្ញវត្ថុសាកល និងបណ្តាញបច្ចេកវិទ្យា ២០២៦ នេះ គឺជាវេទិកាលើកទី៤ ហើយដែលផ្តល់ច្រកចូលជាបណ្តាញសម្រាប់ក្រុមហ៊ុនអន្ដរជាតិ ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ជួយគាំទ្រអាជីវកម្មក្នុងស្រុកក្នុងការបង្កើតដៃគូអាជីវកម្មថ្មី និងជំរុញការពិភាក្សារវាងវិស័យសាធារណៈ និងឯកជន។ វេទិកា ហិរញ្ញវត្ថុសាកល និងបណ្តាញបច្ចេកវិទ្យា ២០២៦ នេះ ផ្តោតទៅលើប្រធានបទ សំខាន់ៗដូចខាងក្រោម៖
ទី១. ទ្រព្យសកម្មឌីជីថលរបស់ប្រទេសជប៉ុន
  - Yen Stablecoin: គឺជាឆ្អឹងខ្នងនៃប្រព័ន្ធអេកូឡូស៊ី Stablecoin
  - ឧបករណ៍ហិរញ្ញវត្ថុដែលធ្វើថូខិននីយកម្ម: គឺជាគ្រឹះសម្រាប់កសាងវិស័យហិរញ្ញវត្ថុជំនាន់ក្រោយ និង
  - ទស្សនៈជប៉ុន: ទីផ្សារហិរញ្ញវត្ថុដែលធ្វើថូខិននីយកម្ម និងស្ថិតក្រោមបទបញ្ញត្តិគ្រប់គ្រងត្រឹមត្រូវ។
ទី២. សេដ្ឋកិច្ចដែលដំណើរការដោយភ្នាក់ងារឆ្លាតវៃរបស់ប្រទេសជប៉ុន 
  - ការអនុវត្តជាក់ស្តែងនៃ Agentic AI: ទស្សនៈរបស់អ្នកជំនាញលើវិស័យទូទាត់, ធនាគារ, ការធានារ៉ាប់រង និងទីផ្សារមូលធន
  - ការទូទាត់តាម Agentic AI: ការផ្លាស់ប្តូរមុខមាត់ថ្មីនៃការទូទាត់ និង
  - បញ្ហាចោទនៃបច្ចេកវិទ្យា Quantum: ការផ្លាស់ប្តូរជាបន្ទាន់នូវស្តង់ដាកូដនីយកម្ម (Encryption) ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីកុំព្យូទ័រ Quantum។

ទី៣. លំហូរសាច់ប្រាក់ ១៣ ទ្រីលានដុល្លាររបស់ប្រទេសជប៉ុន 
  - ការស៊ើបអង្កេតពីប្រភពលំហូរសាច់ប្រាក់ ១៣ ទ្រីលានដុល្លារ
  - ការប្រើប្រាស់ដើមទុនក្នុងស្រុក និងក្នុងតំបន់: កម្មវិធី NISA (គណនីសន្សំវិនិយោគបុគ្គល) និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀតនិង
  - AI ក្នុងការគ្រប់គ្រងទ្រព្យសកម្ម: ការបង្កើនផលិតភាព និងលទ្ធភាពព្យាករណ៍ទុកជាមុន។\