នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក លឹម ចាន់រតនៈ អនុប្រធានការិយាល័យត្រួតពិនិត្យទី១ នៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អញ្ជើញមកពីក្រសួង ស្ថាប័ន ជាតិ និងអន្ដរជាតិ ព្រមទាំងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដែលពាក់ព័ន្ធ នឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។






