សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ

កាលបរិច្ឆេទ៖ 13-02-2026 11:56 AM

នាល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ និយ័តករ គណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព លោកលី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តិនិងអនុលោមភាព នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក មាស រ៉េនរិទ្ធ ព្រឹទ្ធបុរសជាន់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ និងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន១៥០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជា ពិសេសពង្រីកការយល់ដឹងបន្ថែមជូនដល់ សិស្ស និស្សិត ទៅលើប្រធានបទសំខាន់ៗរួមមាន៖ ១.ច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, ២.ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង៣.វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម កម្ពុជា។