សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា

កាលបរិច្ឆេទ៖ 10-02-2026 03:57 PM

នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនសាស្រ្តាចារ្យនិងនិស្សិត នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា។ 
សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងតំណាងមកពីវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា។ 
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា និងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួន២០០នាក់។ 
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាពិសេសពង្រីកការយល់ដឹងបន្ថែមជូនដល់ សិស្ស និស្សិត ទៅលើប្រធានបទសំខាន់ៗរួមមាន៖ (១) ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ (២)ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង(៣)វិជ្ជាជីវៈគណនេយ្យនិងសវនកម្មកម្ពុជា។