នារសៀលថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) អមដោយថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.គ.ស. បានអញ្ជើញចូលរួម កិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងដូចខាងក្រោម៖
១. សេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្ម របស់ អ.ស.ហ.
២. សេចក្ដីព្រាងប្រកាសស្ដីពី ការដាក់ទណ្ឌកម្មខាងវិន័យចំពោះបុគ្គលរាយការណ៍ក្នុងវិស័យអចលនវត្ថុ និងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលមិនអនុវត្ដតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម របស់ ន.អ.ប.
៣. សេចក្ដីព្រាងប្រកាសស្ដីពីក្រមសីលធម៌វិជ្ជាជីវៈរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងភ្នាក់ងារគ្រប់គ្រងមូលនិធិ របស់ន.ម.ក.។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។
