កាលពីថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ និយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធាន គណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល គណនេយ្យករជំនាញអាស៊ានលើកទី២៧ (27th ACPACC Meeting) និងជាតំណាង ACPACC ចូលរាយការណ៍លទ្ធផលកិច្ចប្រជុំជូនកិច្ចប្រជុំក្រុមការងារតាមវិស័យ (BSSWG) នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងប្រទេសកម្ពុជា លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងមន្រ្ដីនៃនិយ័តករគណនេយ្យ និងសវនកម្ម រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ាន ចំនួន ៧ ទៀតដែលបានចូលរួមផ្ទាល់ និងប្រទេស ៣ ទៀតចូលរួមតាមប្រព័ន្ធអនឡាញ ដែលគោលបំណងចម្បងនៃកិច្ចប្រជុំលើកទី២៧ នេះ រួមមាន៖
ទី១. ការធ្វើបច្ចុប្បន្នភាពនៃសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ (Monitoring Committee) របស់ប្រទេសជាសមាជិកអាស៊ាន ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងវៀតណាម បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការត្រួតពិនិត្យរបស់ខ្លួន។
ទី២.ការធ្វើបច្ចុប្បន្នភាពលើចំនួនការចុះឈ្មោះនៃសមាជិកភាពជាគណនេយ្យករជំនាញអាស៊ាន (ASEAN CPAs)គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សរុបមានចំនួន ៨,០៩០ រូប ដែលមានការកើនឡើងចំនួន ១៦២រូប (ក្នុងនោះមានការចុះឈ្មោះពីបណ្ដាប្រទេសចំនួន៥)។
ទី៣. ការធ្វើបច្ចុប្បន្នភាពលើចំនួនការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស (RFPAs ) គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ មានចំនួន១រូប បន្ថែម។
ទី៤. ការចល័តនូវគណនេយ្យករជំនាញអាស៊ាន។
ទី៥. តំណាងប្រទេសកម្ពុជាបានរាយការណ៍លើដំណើរការរៀបចំសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា។
ទី៦. ការពិនិត្យលើវឌ្ឍនភាពការងារដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវក្រោម កិច្ចព្រមព្រៀងការទទួល ស្គាល់អញ្ញមញ្ញអាស៊ានលើសេវាគណនេយ្យដែលបានពន្យារពេលអនុវត្តដល់ឆ្នាំ២០៣០ និងផែនការសកម្មភាព បន្ទាប់ពីឆ្នាំ២០២៦។
ទី៧. ការរាយការណ៍របស់ក្រុមការងាររាយការណ៍អំពីចីរភាព និងពិនិត្យខ្លឹមសារអនុស្សរណៈយោគយល់គ្នា ដែលត្រៀមចុះហត្ថលេខានៅក្នុងកម្មវិធីសន្និសីទគណនេយ្យករជំនាញអាស៊ានលើកទី៤ ខាងមុខនេះ។
ទី៨. ការរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ ACPACC លើកទី២៧ និងក្រុមការងារធុរកិច្ចតាមវិស័យ (ACPECC, AAC, ACPACC, ACACS,)ជូនប្រធានក្រុមការងារធុរកិច្ចតាមវិស័យ (BSSWG) ព្រមទាំងចូលរួមកិច្ចប្រជុំ CCS។