នាព្រឹកថ្ងៃសុក្រ១០រោច ខែជេស្ន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា គ.ស.២០២៥ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកមហាសន្និបាត វ.គ.ស.ក ប្រចាំឆ្នាំ លើកទី២២ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល វ.គ.ស.ក ប្រមាណ ៣៦០ នាក់ ដែលប្រព្រឹត្តទៅនៅ នៅសណ្ឋាគារហាយយ៉ាត់រីជិនស៊ី ភ្នំពេញ ។ ឯកឧត្តមបានសម្ដែងការអបអរសាទរចំពោះអង្គមហាសន្និបាត និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក វ.គ.ស.ក. គ្រប់អាណត្តិ ដែលបានចូលរួមដឹកនាំអង្គភាព និងអភិវឌ្ឍវិជ្ជាជីវៈ ក៏ដូចជាវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំ វ.គ.ស.ក. បានពង្រឹង និងពង្រីកសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលគួរជាទីមោទនៈ ជាពិសេសគឺកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ និងយូរអង្វែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអគ្គនាយក ក៏បានប្រកាស និងស្នើដល់ អស់លោក លោកស្រី ព្រមទាំងសាធារណ:ជនទាំងអស់ អញ្ជើញចូលរួមសិក្ខាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា ២០២៥-២០៣៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ។