នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះគណនេយ្យមុននឹងសិក្សាស្តង់ដាគណនេយ្យ ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជាមូលដ្ឋានជូនដល់សិក្ខាកាម ដែលអាចយកចំណេះដឹងទាំងនេះយកទៅអនុវត្តក្នុងកិច្ចការប្រចាំថ្ងៃសម្រាប់អង្គភាព ដែលកំពុងបំពេញការងារជាពិសេសគឺអាចឈានបន្តទៅវគ្គស៊ីជម្រៅមួយទៀតដែលហៅថា វគ្គស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs)។