នាព្រឹកថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ អគារ “ក” ជាន់ទី១ នៃនិយ័តរគណនេយ្យនិងសវនកម្ម ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួម
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក ទីប្រឹក្សា និងលេខាធិការដ្ឋាន របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ដើម្បីពិនិត្យនិងសម្រេចលទ្ធផលប្រឡងឆមាសទី២ ក្នុងឆ្នាំ២០២៤ និងពិនិត្យសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ២០២៥-២០៣០ របស់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។