កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃសន្និធិ" និង "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីឥទ្ធិពលនៃការប្រែប្រួលអត្រាប្ដូរប្រាក់រូបិយប័ណ្ណបរទេស"

កាលបរិច្ឆេទ៖ 19-11-2024 03:07 PM

នារសៀលថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ២:៣០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក​ ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ  អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃសន្និធិ" និង "សេចក្ដីព្រាងបឋមគោលការណ៍ណែនាំស្ដីពីឥទ្ធិពលនៃការប្រែប្រួលអត្រាប្ដូរប្រាក់រូបិយប័ណ្ណបរទេស" ដែលដឹកនាំដោយ លោក ជា សុជាតិ ប្រធាននាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីតំណាងនិយ័តករគណនេយ្យនិងសវនកម្ម, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ Zoom៕